ក្រសួងទេសចរណ៍៖ ចុងសប្ដាហ៍ទី១ ខែកក្កដានេះ ភ្ញៀវសរុបមានចំនួនជិត៣០ម៉ឺននាក់
ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧ ៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨ ៦៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧២១នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ តួលេខនេះគឺមានការថមថយប្រមាណ ៦,៧៣ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនា ទេសចរផ្ទៃក្នុងតែងមានការ ថមថយ ជាធម្មតា ។ ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។
ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ជាមួយការកម្រើកឡើងវិញនូវអ្នកឆ្លងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំក្រើនរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)។
សូមជម្រាបជូនថា ចំពោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤ ៦០៨ នាក់ ខេត្តសៀមរាប ៤៦ ៦២០ នាក់ ខេត្តបាត់ដំបង ៤០ ៤១៩ នាក់ ខេត្តកំពត ៣៩ ៨៧៩ នាក់ ខេត្តកែប ១៦ ១៨៧ នាក់ រាជធានីភ្នំពេញ ១៥ ៦៥៣ នាក់ ខេត្តពោធិ៍សាត់ ១២ ៧៦៩ នាក់ និងខេត្តកំពង់ស្ពឺ ១១ ០៩៧ នាក់៕



ដោយ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍
No comments