ផ្អើលផ្លូវជាតិលេខ៥ករណីលោកអធិការរងស្រុកក្រគរចាន់ ឃាង ដាក់កុងត្រូលជជុះផ្ដាច់មុខក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់÷ទោះបីជាបណ្ដាញផ្សព្វផ្សាយ បានលើកឡើងឲ្យដឹងអំពីសកម្មភាពរបស់លោកងោ ម៉ៅ មន្ត្រីនគរបាលអធិការរងស្រុកក្រគរ ដាក់កុងត្រូលជជុះបង្កសកម្មភាពប្រដេញធ្វើព្យុះភ្លៀងលើផ្លូវជាតិលេខ៥ ភូមិសាស្ត្រខេត្តពោធិ៍សាត់ច្រើនដងហើយមកក៏ដោយ ក៏មិនឃើញមានចំណាត់ ការណាមួយ ពីស្នងការនគរបាលខេត្តពោធិ៍សាត់ ឬអគ្គ ស្នងការនគរបាលជាតិនោះឡើយ។ ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខេត្ត និងអគ្គស្នងការនគរបាលជាតិ គឺ ជាឱកាសធ្វើឲ្យក្រុមលោក ងោ ម៉ៅ បានចិត្តនិងបន្តធ្វើព្យុះធ្វើភ្លៀងជារៀងរាល់ថ្ងៃថែមទៀត។
ថ្មីៗនេះលោកង៉ោ ម៉ៅ បានបន្តអនុវត្តមេរៀនដដែលៗតាមរយៈការប្រើកម្លាំងជាជនស៊ីវិលទៀតផង ដោយប្រើ ប្រាស់រថយន្ត RX 300 តាមប្រដេញរថយន្តដឹកទំនិញដែលពួកខ្លួនមានការសង្ស័យ។ក្រុមនេះបានបាញ់បំបែក កង់រថយន្តហ្វត១គ្រឿងដឹកជ្រូកកណ្ដុរមកពីប្រទេសថៃ។ ប្រភពបានរាយការណ៍ថា ក្រុមលោកងោ ម៉ៅ ថែម ទាំងបានប្រើហិង្សាទៅលើអ្នកបើកបររថយន្ត ford ដឹកជ្រូកកណ្ដុរមកពីប្រទេសថៃនោះទៀតផង។ ប្រភពរាយ ការណ៍ថា រថយន្ត ford នោះត្រូវបានយកទៅបញ្ឈរចោលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយត្រូវបានសម្របសម្រួលដោះលែងស្ងាត់ៗទៅហើយ។
ក្រៅពីប្រតិបត្តិការបង្ក្រាបទៅលើរថយន្តហ្វតដឹក ជ្រូកកណ្ដុរមកពីប្រទេសថៃ ក៏មានករណីចាប់រថយន្តស្តារិច ១គ្រឿងដឹកសាច់បង្កកពីប្រទេសថៃបង្គាប់យកលុយបាន២០០០ដុល្លារ។ ប្រភពបានបន្ថែមថាករណីធំៗបានកើតឡើងយ៉ាងហោចណាស់បីករណីមកហើយក្រោមកណ្ដាប់ដៃរបស់លោកង៉ោ ម៉ៅ ដែលកំពុងធ្វើព្យុះភ្លៀងនៅលើកំណត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្ត ពោធិ៍សាត់។ បន្ទាប់ពីសកម្មភាពនៃការបង្ក្រាបបាញ់ផ្ទុះអាវុធប្រើហិង្សាទៅលើអ្នកបើកបររថយន្ត ford ដឹកជ្រូកកណ្ដុរមកពីប្រទេសថៃនោះ ក្រុមលោក ង៉ោ ម៉ៅ បានផ្អាកសកម្មភាព២-៣យប់ ហើយទើបឃើញដំណើរ ការនៅយប់ថ្ងៃទី១៥ខែកញ្ញានេះវិញ។
រឿងរ៉ាវទាំងឡាយនៅលើផ្លូវជាតិលេខ៥ សុទ្ធតែត្រូវបានប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចប្រដាប់អាវុធ ក្នុងខេត្ត ពោធិ៍សាត់ទាំងអស់បានដឹង។ ក្រុមលោកង៉ោ ម៉ៅ បានដាក់កុងត្រូល១កន្លែងនៅចំណុចភូមិព្រៃឪម៉ាល់ សង្កាត់ រលាប ក្រុងពោធិ៍សាត់និង១កន្លែងទៀត ស្ថិតនៅចំណុចភូមិទួលក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ។ ប្រភពពីប្រជាពលរដ្ឋបានដាក់ការសង្ស័យថា លោកង៉ោ ម៉ៅ មិនត្រឹមតែធ្វើប្រតិបត្តិការប្រដេញ ដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើជនស៊ីវិលទំនងជាកូនរបស់ខ្លួន ឱ្យចាំប្រដេញរថយន្តទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ហើយសង្ស័យថាដឹកទំនិញមិនប្រក្រតី។
លោកចាន់ ឃាង (ឈ្មោះទិញ) អតីតឈ្មួញរកស៊ីដឹក ឈើដ៏សកម្មម្នាក់ដែលមានឈ្មោះពិតង៉ោ ម៉ៅ ក៏កំពុងធ្វើសកម្មភាពជាចំហរយ៉ាងប្រសេកប្រសាចនៅលើផ្លូវ ជាតិលេខ៥ រាល់យប់។ លោកង៉ោ ម៉ៅ អតីតគឺជាឈ្មួញរកស៊ីឈើ ដ៏ល្បីល្បាញម្នាក់នៅខេត្តពោធិ៍សាត់ហើយ បានទិញឈ្មោះចាន់ ឃាង បច្ចុប្បន្នលោកង៉ោ ម៉ៅ ជាអធិការរងនគបាលស្រុកក្រគរ។ ឈ្មោះនេះ តែងតែធ្វើ សកម្មភាពប្រដេញរថយន្តដឹកទំនិញផ្សេងៗដូចជារថយន្តដឹកត្រីចេញពីតំបន់កំពង់ហ្លួងស្រុកក្រគរ និងរថយន្តដឹកទំនិញផ្សេងទៀតឆ្លងកាត់ផ្លូវជាតិលេខ៥។
លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានបដិសេធថា ក្រុមមន្ត្រីនគរបាលស្រុករបស់លោក មិន បានដាក់កុងត្រូលជុះរបៀបចាំប្រដេញយ៉ាងនេះទេ។ លោកបន្តថា ចំពោះការលើកឡើងដោយចោទទៅលើមន្ត្រីនគរបាល ជាអធិការរងស្រុកក្រគរពាក់ព័ន្ធ នឹងការប្រដេញយ៉ាងណានោះលោកមិនដឹងទេ? លោកបញ្ជាក់ថា ក្រុមការងារ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ មិនពាក់ព័ន្ធនឹងបញ្ហាបង្ក្រាបបទល្មើសសេដ្ឋកិច្ចអ្វីនោះឡើយ។
ចំពោះការចោទប្រកាន់ទៅលើឈ្មោះចាន់ ឃាង យ៉ាង ណានោះ លោកអធិការស្រុកក្រគរបានបញ្ជាក់ថា លោកចាន់ឃាងគ្រាន់តែពីជំនួយការនៃអធិការនគរបាលស្រុកតែប៉ុណ្ណោះ។ ប៉ុន្តែគាត់(ចាន់ ឃាង) ធ្វើអ្វីផ្សេងទៀតនៅលើដងផ្លូវនោះអធិការដ្ឋាននគរបាលស្រុកក្រគរមិនដឹងទេ ។ ដូច្នេះ កម្លាំងនគរបាលស្រុកក្រគរធ្វើអ្វីទៅតាម ច្បាប់កំណត់តែប៉ុណ្ណោះ។
លោកចាន់ ឃាង ឬង៉ោ ម៉ៅ ដែលរងការចោទប្រកាន់នេះមុនដំបូងពេលដែលមានការសួរនាំលោកឆ្លើយរាក់ទាក់។ ប៉ុន្តែនៅពេលឮថា ជាអ្នកកាសែតក៏ចុចផ្ដាច់បណ្ដាញទូរសព្ទទៅ។ នៅពេលដែលអ្នកកាសែតទូរសព្ទទៅលេខ មួយខ្សែទៀតចំនួន២ ដង លោកមិនលើកទូរសព្ទនោះឡើយ។
ករណីក្រុមលោកចាន់ ឃាង(ង៉ោ ម៉ៅ) ពិតជាទាមទារឲ្យអគ្គស្នងការនគរបាលជាតិ ជាពិសេសក្រសួងមហាផ្ទៃ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីព្រោះថា បើរំពឹងទៅលើលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង
លោកស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យចាត់ការរឿងនេះទំនងជាទៅមិនរួចទេ។ ទៅមិនរួចក៏ព្រោះតែរឿងរ៉ាវរបស់លោកង៉ោ ម៉ៅ ល្បីល្បាញពេញខេត្ត ពោធិ៍សាត់ទៅហើយ ប៉ុន្តែមិនឃើញមានចំណាត់ការយ៉ាងណាពីរដ្ឋបាលខេត្តពោធិ៍សាត់នោះឡើយ៕
No comments