ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាបឆ្នាំ២០២៣

ដោយ :www.schotnews.com

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីឲ្យមានភាពរលូន និងដំណើរទៅបានល្អប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមការដឹកនាំរបស់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជនផងដែរ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូក និងការប្រគុំតន្ត្រីជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាំកម្សាន្តសប្បាយផងដែរ។ ក្នុងនោះដែរ អនុគណៈកម្មការ និងអាជ្ញាធរស្រុក មន្ទីរ អង្គភាពលើកនូវចំណុចមួយចំនួន ដែលពាក់ព័ន្ឋទៅលើបញ្ហាបរិស្ថាន ការរៀបចំភ្លើងបំភ្លឺ និងភ្លើងចម្រុះពណ៌ ការងារចរាចរណ៍ និងបង្គន់អនាម័យចល័ត ព្រមទាំងសណ្តាប់ធ្នាប់ សន្តិសុខក្នុងពេលដង្ហែរប្រទីប និងបាញ់កាំជ្រូចក្នុងឱកាសពិធីបុណ្យនេះ។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងពីខ្លឹមសារនៃយន្តការ ការរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តធ្វើឡើងនៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្តសប្បាយ និងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។

លោក ប្រាក់ សោភ័ណ បានបន្តថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិ។ លោកបន្តថា គ្រប់អនុគណៈកម្មការនីមួយៗ ត្រូវលើកឡើង និងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និងវាយតម្លៃ សន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធន៍ ដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ។

លោក ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួម ប្រកួតក្នុងពិធីបុណ្យអុំទូកឲ្យពិនិត្យផ្គូផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និងយុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតចេញជាបាតុភាពមិនល្អ  ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ។

លោក ប្រាក់ សោភ័ណ បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់ទៅលើរៀបចំក្លោងទ្វារ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ និងត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឲ្យបានស្អាតជាប្រចាំ និងត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺ សាធារណៈ និងបញ្ហាពាក់ព័ន្ឋជាច្រើនទៀត សម្រាប់ឲ្យដំណោះការពិធី ដែលមានរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដំណើរទៅដោយរលូន និងសប្បាយរីរាយ។

ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឲ្យយកឧបករណ៍ (ស្នោ) ធ្វើជាប្រទីបឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដងស្ទឹងប្រវត្តិសាស្ត្រ គឺត្រូវធ្វើពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពឲ្យបានតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា ដែលបានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការ និងធ្វើការបញ្ឈប់មិនឲ្យស្តង់នោះលក់ដូរបន្តទៀតនោះឡើយ៕

No comments