សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្រុមហ៊ុន Huawei វិនិយោគផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិក និងបណ្តុះបណ្តាលផ្នែកឌីជីថល
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញបំណងចង់ឃើញក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន វិនិយោគផលិតសម្ភារៈគ្រឿងបង្គំអេឡេិចត្រូនិក និងបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
បំណងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd. នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាទីរដ្ឋធានីប៉េកាំង ប្រទេសចិន។
ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែបង្អង់នោះឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួបជាមួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។ ក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៤ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាបន្តបន្ទាប់។ ក្នុងនោះមានក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បាញល្បីមួយរបស់ចិនផងដែរ។
នៅក្នុងជំនួបនោះ លោក លាំង ហ័រ បានថ្លែងអំណរគុណសម្ដេចធិបតី ដែលអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក លាំង ហ័រ ក៏បានអបអរសាទរជូនសម្ដេចធិបតី ត្រូវបានប្រជាពលរដ្ឋ និងរដ្ឋសភា បោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា។
ប្រធានក្រុមហ៊ុនរូបនេះ ក៏បានអរគុណសម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងគាំទ្រក្រុមហ៊ុន Huawei។ លោក លាំង ហ័រ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ។
សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែលសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង២ទសវត្សរ៍មកនោះ។
សម្ដេចអធិបតី សង្ឃឹមថាក្រុមហ៊ុន Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើបពីប្រទេសចិន មកកាន់កម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនទំនុកចិត្តដល់វិនិយោគិននៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចធិបតី បានស្វាគមន៍ក្រុមហ៊ុន Huawei ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម។
សម្ដេចធិបតី និងលោក លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ ។ កន្លងមកនេះ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយដៃគូនៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ។
សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
No comments