ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដាក់ចេញទិសដៅអាទិភាព១៥ចំណុច លើការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនីតិកាលថ្មី

ដោយ :www.schotnews.com

 

(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ១៥ចំណុច របស់ក្រសួង សម្រាប់អាណត្តិទី៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកសមិទ្ធផលនៃ រដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណា ព្រះបាទសម្តេច ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយ បានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ១៥ចំណុច រួមមាន៖

១៖ ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង និងអនុវត្តឆ្ពោះទៅរកលទ្ធផល

២៖ ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី និងមានភាពជាក់ស្ដែងនិយមមានសង្គតិភាព ពិសេស ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនរួមមាន៖ ១៖ច្បាប់ភូមិបាល ដោយត្រូវរៀបចំឡើងវិញទាំងស្រុង, ២៖ច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជាច្បាប់ថ្មី មិនធ្លាប់មាន, ៣៖ ច្បាប់ស្តីពីលំនៅឋាន ជាច្បាប់ថ្មីមិនធ្លាប់មាន

៣៖ ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឲ្យប្រព័ន្ធការងារប្រចាំថ្ងៃ មានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព

៤៖ ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត

៥៖ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឲ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

៦៖ ការរៀបចំដែនដី ស្របតាមទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ពិសេសស្របតាមរបៀងសេដ្ឋកិច្ច ដោយផ្អែកលើតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់កសិកម្ម តំបន់ឧស្សាហកម្ម លំនៅឋាន តំបន់ដីសាធារណៈសម្រាប់ចម្រុងទុក ដីសម្រាប់សួនសាធារណៈ តំបន់បៃតង។ល។

៧៖ ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ឲ្យបានចប់សព្វគ្រប់ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឲ្យចង់រស់នៅ

៨៖ ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឲ្យបានច្រើន រចនាបថខ្មែរទំនើប សហសម័យ និងចលនាឲ្យកាន់តែផុសផុលក្នុងការលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរព្រមទាំងង្រឹងគុណភាពនិងសុវត្ថិភាពសំណង់

៩៖ ការងារលំនៅឋាន ដោយរៀបចំលំនៅឋានសមរម្យគួរឲ្យរស់នៅ និងមានបរិស្ថានល្អប្រកបដោយសុខដុម តាមរយៈ ការរៀបចំគម្រូផ្ទះសម្រាប់យកជាមូលដ្ឋាន ព្រមទាំងរៀបចំគម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ

១០៖ ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីសម្រេចគោលបំណងនៃការកសាង រដ្ឋបាលសាធារណៈ ទំនើប ការតម្រង់ទិសការងារឲ្យកាន់តែសមស្របតាមមុខងារសាធារណៈ ការបង្កើនប្រសិទ្ធការងារ ពិសេស ការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឲ្យបានលឿនហើយដាច់ ស្រេចដើម្បីឈានដល់ចុះបញ្ជីបានលឿន

១១៖ ការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ច ប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ

១២៖ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន

១៣៖ កាអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស ក៏ដូចជា ការងារ ដឹកនាំ គ្រប់គ្រង សម្រាប់ចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន

១៤៖ ការលើកម្ពស់ការយល់ដឹង ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកិត្យានុភាព កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិដែលអនុញ្ញាតឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន

១៥៖ កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ានដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាព នយោបាយ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទាំងនៅក្រសួង និងនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរាជធានី/ខេត្ត ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏បានលើកចិត្តឲ្យបន្តខិតតំបំពេញកិច្ចការឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ។

No comments