រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ។
លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់បែបនេះ «ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង៧ឆ្នាំ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយ ចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ ចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា»។
លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សាធារណជនជារួម។
ទន្ទឹមនឹងបង្ហាញការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរហើយនោះ លោក ប៉េង ពោធិ៍នា ក៏បានសូមព្រះបរមរាជានុញ្ញាត ថ្វាយអំណរព្រះមហាករុណាទិគុណ ប្រកបដោយបីតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានតែងតាំងរូបលោក ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕
No comments