លោក ហ៊ុន ម៉ានី៖ ទោះខ្ញុំទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង និងការប្ដេជ្ញាចិត្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺ មិនប្រែប្រួលឡើយ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ដែលនឹងទៅកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បានបញ្ជាក់អំពីក្ដីស្រលាញ់ទៅកាន់ប្រជាពលរដ្ឋនៅខេត្ដកំពង់ស្ពឺ គ្រាដែលលោកត្រូវផ្លាស់ប្ដូរទីតាំងបំពេញការងារ។
លោក ហ៊ុន ម៉ានី តាមរយៈ Facebook នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានលើកឡើងថា បើទោះបីលោកត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់លោក នឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ។
លោកបានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្នុងរយៈកាល១០ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ខេត្តយ៉ាងរីកចម្រើន។
លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុ ពូ មីងដោយផ្ទាល់ នៅគ្រប់ជាន់ថ្នាក់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ៦។ ខ្ញុំពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។
ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ។ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនឹងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសនឹងរិតតែបន្តលើកតម្កើងកិត្យានុភាពព្រះរាជាណចក្រកម្ពុជាឱ្យឈានខ្ពស់ឡើងតទៅមុខ»៕
No comments