ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

លោក គង់ វិបុល ចូលរួមពិធីបុណ្យឆ្លងពន្លៃព្រះអង្គខ្មៅ និងសម្ពោធសមិទ្ធផលនានានៅវត្តកេសរបុប្ផារាម (បន្ទាយម្ជូរ) នៅស្រុកល្វាឯម ខេត្តកណ្តាល

ដោយ :www.schotnews.com

            

(កណ្តាល)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងពន្លៃព្រះអង្គខ្មៅ និងសម្ពោធសមិទ្ធផលនានានៅវត្តកេសរបុប្ផារាម (បន្ទាយម្ជូរ) នៅជ្រោងជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ រួមទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី គង់ វិបុល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ជូនលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ក៏ដូចជានៅទូទាំងខេត្តកណ្តាល។

លោករដ្ឋមន្ត្រីបានលើកឡើងពីកត្តាសុខសន្តិភាពរបស់ប្រទេស បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីកសាងនូវអានិសង្សរៀងៗខ្លួន ។ ផ្ទុយទៅវិញ បើប្រទេសជាតិ អសន្តិសុខ គ្មានសន្តិភាព នោះនឹងគ្មានការអនុញ្ញាតឲ្យមានការគោររពបូជាចំពោះសាសនា និងប្រពៃណីឡើយ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សា ការពារសន្តិភាព ឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍ថែមទៀត។

លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អប់រំកូនចៅឲ្យចៀសឆ្ងាញពីគ្រឿងញៀន និងបន្តអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋានផងដែរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី គង់ វិបុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានូវសមិទ្ធផលនានា ដែលខំកសាងឡើងដោយគណៈពង្រឹងមូលដ្ឋាន ដើម្បីអាចប្រើប្រាស់បានយូរអង្វែរតទៅមុខ។

លោកក៏បានអរគុណក្នុងឃុំសំបួរ និងក្នុងស្រុកល្វាឯមទាំងមូល ដែលបានគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នាពេលកន្លងមក ដោយសង្ឃឹម និងជឿជាក់ថាបងប្អូននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនគត៕

No comments