ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ចុះ MoU ស្តីពី កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល

ដោយ :www.schotnews.com


ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សារណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។


អនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សិរី ឧប ការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខា ធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២២នេះ។


ខ្លឹមសារអនុស្សារណៈនេះ ផ្តោតសំខាន់ទៅលើចំណុចចម្បងៗដូចជា៖ ១. រៀបចំកសាងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ២. ចូលរួមសាកល្បងអនុវត្ត និងប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណបណ្ណអតិថិជនឌីជីថល, ៣. ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពធុរកិច្ច ក្នុងប្រព័ន្ធសម្គាល់អត្តសញ្ញាណបណ្ណអតិថិជនឌីជីថល។


លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងសេវាហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។


លោកស្រីបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលចុះឈ្មោះអតិថិជនប្រើប្រាស់ប្រព័ន្ធបាគងបានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន (KYC) តាមវិធីសាស្ត្រ Manual Approach នៅតាមបញ្ជររបស់គ្រឹះស្ថាន ឬកំណត់អត្តសញ្ញាណអតិថិជនតាមវិធានដោយឡែកពីគ្នារប់សគ្រឹះស្ថាននីមួយៗ។ ទោះជាយ៉ាងណា ការអនុវត្តបែបនេះ ជាវិធីសាស្ត្របែបប្រពៃណី នៅពុំទាន់មានភាពងាយស្រួលមិនតែប៉ុណ្ណោះវាអាចនឹងបង្កឲ្យមានហានិភ័យក្នុងការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ។


លោកស្រីបានលើកឡើងថា ពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារអន្តរក្រសួង បានសិក្សា និងធ្វើតេស្តសាកល្បងលក្ខណៈបច្ចេកទេសពាក់ព័ន្ធនឹងការភ្ជាប់ប្រព័ន្ធបាគង និងថ្នាល CamDX ក្រោមរូបភាពជា Sandbox លើលទ្ធភាពក្នុងការអនុវត្ត e-KYC បានដោយជោគជ័យ ជាលទ្ធផលរលូន។


ទន្ទឹមគ្នានេះ នៅថ្ងៃនេះដែរ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធី CamDigiKey ជំនាន់ ២.០ ដែលជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថា Cambodia Digital Key។ ជាមួយគណនី CamDigiKey តែមួយអ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួល តាមរយៈការស្គែន QR Code នៅលើទូរស័ព្ទដៃ៕









No comments